អន្តរកម្មនិយម គឺជាចលនាសកម្មទ្វេទិសដែលជាយន្តការនៃការស្ថាបនាន័យ ។ ក្នុងក្របខណ្ឌនេះន័យរបស់ឯកតាភាសាគឺកើតឡើងតាមរយៈអន្តរកម្មរវាងភាសានេះ និងសហបទរបស់វានៅក្នុងបរិបទមួយកំណត់ច្បាស់លាស់ ។
ឧទាហរណ៍ បើគេចង់ដឹងថា តើតុ មានន័យយ៉ាងណានោះ គេត្រូវស្វែងយល់វាតាមរយៈអន្តរកម្មមួយដែលជាប្រភពនៃការស្ថាបនាន័យរបស់តុ ។ យើងច្បាស់ជាឃើញពីន័យរបស់តុ តាមរយៈអន្តរកម្មរបស់វាជាមួយសហបទ ។ ករណីដូចជាពិធីតាំងតុ ដែលតុស្តែងពីប្រភេទនៃពិធីមួយ ដែលមានលក្ខណៈដូចជាការតាំងពិពណ៌ដូច្នោះដែរ ។ ជួលតុ គឺទិញម្ហូបអាហារគិតជាតុ ដោយហេតុថាជួលតែតុ ស្តែងពីការបង់ថ្លៃតុ ដែលគេបានជួលដោយគ្មានម្ហូបអាហារគិតជាមួយនោះទេ ។ រីឯចូលតុវិញ គឺជាការប្រាប់ឲ្យចូលកាន់កន្លែង ដើម្បីចាប់ផ្តើមហូប ។
ដូចគ្នាដែរសំណុំពាក្យ ស៊ីលុយ មានន័យថាទទួលសំណូក ឬសម្រេចដល់លទ្ធផលដែលគេរង់ចាំបន្ទាប់ពីការពិសោធន៍ ច្រើនលើកច្រើនសាមក ។ ឯស៊ីសាំង វិញមានន័យថាប្រសាំងដើម្បីដំណើរការ ( ឡាន ម៉ុតូ ឬម៉ាស៊ីនផ្សេងៗ ) ឬប្រើសាំងច្រើនខុសប្រក្រតី ។ ចំពោះស៊ីល គឺឈ្នះដោយបានពិន្ទុគ្រប់តាមការកំណត់ទុក ដោយដៃគូប្រកួតតទល់នឹង យើងមិនបានពិន្ទុមួយសោះ ។ មានសំណុំពាក្យច្រើនទៀតដែលមានពាក្យ ស៊ី នៅក្នុងនោះហើយន័យរបស់ ស៊ីក៏ប្រែប្រួលទៅតាមនោះដែរ ។ ឧទាហរណ៍ ស៊ីជោរ ស៊ីផឹង ស៊ីភ្នែកជញ្ជីង ស៊ីគ្រឿង ស៊ីខ្យល់ ស៊ីសម ស៊ីបាយ ស៊ីឡាក់ ស៊ីអារម្មណ៍ ជាដើម ។
G KnowLecturer