បានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សមនំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំ ព្រោះ ៖
បើយើងពិនិត្យប្រវត្តិដើមនៃការអនុវត្តន៍ជំនឿរបស់ជនជាតិខ្មែរតាំងពីសម័យដើមមកយើងឃើញថាជនជាតិខ្មែរធ្លាប់បានប្រកាន់ជំនឿតាមការគោរពព្រលឹងដូនតា ឬគោរពវត្ថុធម្មជាតិដូចជា ទន្លេ ភ្នំ រុក្ខជាតិ ធ្លាប់កាន់ជំនឿនៃលទ្ធិព្រាហ្មណ៍ (សព្វថ្ងៃហៅថា ហិណ្ឌូ) ធ្លាប់ប្រកាន់ជំនឿតាមពុទ្ធសាសនាមហាយាន បន្ទាប់មកពួកគេក៏បានប្តូរមកកាន់តាមពុទ្ធសាសនានិកាយថេរវាទវិញ ។ ទោះបីជាយ៉ាងក៏ដោយក៏យើងនៅតែសង្កេតឃើញប្រជាជនខ្មែរបន្តអនុវត្តជំនឿទាំងនោះលាយ ចម្រុះគ្នាដូច ដូចពិធីសែនព្រេននៅទីវត្តអារាម តាមស្រែចម្ការ ផ្ទះសម្បែងពិធីលៀងអារក្ស ពិធីបុណ្យសពដោយមានអាចារ្យភ្លុក ស្លៀកស ពាក់ស ជាដើម ។នៅក្នុងលទ្ធិព្រាហ្មណ៍ការអនុវត្តជំនឿគឺភាគច្រើនធ្វើឡើងតាមរយៈការបង្កើតនិមិត្តសញ្ញា សម្រាប់តំណាងអង្គអាទិទេកណាមួយដូចជា ការសូន្យថ្មតំណាងឱ្យលិង្គព្រះឥសូរ និងយោនីព្រះនាងឩមាវតី ការប្រើផ្លែត្រប់វែងនិង ត្រប់មូលនៅក្នុងពិធីមង្គលការ ការរៀបស្លឹកម្លូ (យោនី) និងចំណិតស្លា (លិង្គ) នៅលើកន្ទោងបាយសី ការពោលពាក្យថា “សូមឱ្យអ្នក ទាំងពីរបានសុខចម្រើន ត្រជាក់ត្រជុំដូចទឹកអង្គ (លិង្គ) បំពង់ខ្ចី (យោនី)” ។ ការវេចនំអន្សម (លិង្គ) និងនំគម (យោនី) ។ ការអនុវត្តជំនឿទាំងនេះបានដិតជាប់នៅក្នុងផ្នត់គំនិតរបស់ខ្មែរ ដែលពិបាកនឹងលុបបំបាត់ចោលណាស់ ។ ដូច្នេះហើយទើបភិក្ខុមួយចំនួនចេះតែបណ្តោយឱ្យប្រជាជនធ្វើកិច្ច ទាំងនោះ ដោយមិនហ៊ានពន្យល់វែកញែកឱ្យច្បាស់ព្រោះម៉្យាងខ្លាចបាត់សមាជិកពុទ្ធបរិស័ទជើងវត្ត ម៉្យាងទៀតខ្លាចបាត់លាភសក្ការៈអំពីកិច្ចទាំងនោះ ។
G KnowLecturer