ឩបសម្ព័ន្ធទី ៦ នៃរដ្ធធម្មនុញ្ញមានសេចក្តីជាអាទិថាៈ
សច្ចាប្រណិធាន
ទូលព្រះបង្គំ
យើងខ្ញុំ
នាយករដ្ធមន្ត្រី និងសមាជិករាជរដ្ធាភិបាល
សូមធ្វើសច្ចាប្រណិធាន
នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ
និងទេវតារក្សាស្វេតច្ឆត្រដូចតទៅៈ
ក្នុងពេលប្រតិបតិ្តការតាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្រ្តកម្ពុជាបានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមបេ្តជ្ញាគោរពរដ្ធធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៏របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទូលព្រះបង្គំយើងខ្ញុំសូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៏ជាតិសម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគីរៀងៗ ខ្លួនឡើយ។ ទូលព្រះបង្គំខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបួជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ
• ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
• អធិបតេយ្យភាពជាតិពេញបរិបូណ៍
• បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោកនិងព្រំដែនសមុទ្រដែលកម្ពុជាធ្លាប់មាន ក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់ ១៩៦៩
• ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែក ឬការធ្វើអបគមន៏ណាមួយឡើយ។
• ទូលព្រះបង្គំយើងខ្ញុំសូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគត នូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ។ ទូលព្រះបង្គំយើងខ្ញុំ មិនបម្រើជាដាច់ខាតនូវផលប្រយោជន៏បរទេស ហើយធ្វើឲ្យខូតខាតដល់ផលប្រយោជន៏របស់ប្រជារាស្រ្ត ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។ ក្នុងការដោះស្រាយបញ្ហាទាំងឡាយ លើផ្ទៃរាបជាតិនិងអន្តរជាតិទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុង នូវអំពើហិង្សាគ្រប់បែបយ៉ាង។
ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកក្រៅដើម្បីការពារជាតិមាតុភូមិខ្លួន។ ទូលព្រះបង្គំយើងខ្ញុំ សូមបេ្តជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគត នូវលទ្ធិប្រជាធិតេយ្យសេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឹងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស។ ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំង អំពើពុករលួយគ្រប់បែបយ៉ាងប្រឆាំងអយុតិ្តធម៏សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិដើម្បីឯកភាពជាតិដើម្បីសន្តិភាពសង្គមនិងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្រ្តកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប។
HiWorldLecturer