ដែលហៅថា ការទទួលខុសត្រូវចំពោះខ្លួនឯងគឺ ជាការទទួលខុសត្រូវលើជីវិត លើសកម្មភាព ការសម្រេចចិត្ត និងជាគូរវាសនាខ្លួនដោយខ្លួនឯង មានន័យថាការធ្វើអ្វីមួយមនុស្សម្នាក់ៗត្រូវហ៊ាន ទទួលខុសត្រូវលើការប្រព្រឹត្តរបស់ខ្លួន ដោយមិនគេចវេសពីការពិត និងមិនទម្លាក់កំហុសលើអ្នកដទៃ ។
ជាឧទាហរណ៍ ក្នុងនាមយើងជាឪពុកម្តាយគឺ ត្រូវមានទំនួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់រក្សា និងអប់រំកូនចៅឲ្យក្លាយជាមនុស្សល្អ និងធ្វើឲ្យគ្រួសារមានសុភមង្គល ។ ឯក្នុងនាមជាសា្វមី ភរិយា កូន ឬបងប្អូន និងញាតិសន្តាន ត្រូវស្គាល់តួនាទីរបស់ខ្លួនម្នាក់ឲ្យបានច្បាស់លាស់គឺថាយើងម្នាក់ៗត្រូវទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន ។ ការធ្វើបែបនេះ គឺការគោរពគោលការណ៍សីលធម៌ គោរពសិទ្ធិ និងផលប្រយោជន៍អ្នកដទៃ ហ៊ានទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនដែលបានប្រព្រឹត្តដោយចេតនាក្តី ដោយអចេតនាក្តី និងមានសេចក្តីក្លាហានក្នុងការទទួលកំហុស និងកែមករកផ្លូវត្រូវ ផ្លូវល្អវិញដោយ ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ និងមនសិការវិជ្ជាជីវៈ ។
ដែលហៅថា ទំនួលខុសត្រូវសង្គម ជាការទទួលខុសត្រូវលើអំពើដែលខ្លួនបានធ្វើចំពោះសង្គម ។ ការទទួលខុសត្រូវចំពោះសង្គមមាន ៖
• ការគោរពនិងអនុវត្តច្បាប់
• ការចូលរួមថែរក្សា ការពារផលប្រយោជន៍សាធារណៈ
• ការចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតជ្រើរើសអ្នកដឹកនាំតាមឆន្ទៈរបស់ខ្លួន
• ការចូលរួមថែរក្សាទំនៀមទំលាប់ប្រពៃណី និងថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ
• ការបង់ពន្ធដារតាមកាតព្វកិច្ច
• ការប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យស្របតាមសីលធម៌ និងច្បាប់សង្គមដោយមិនប៉ះពាល់សិទ្ធិអ្នកដទៃនិងគោរពសិទ្ធិអ្នកដទៃ
• ការសម្អាតនិង ថែរក្សាបរិស្ថាន
• ការគោរពសិទ្ធិ និងការរស់នៅរបស់ជនជាតិផ្សេងៗព្រមទាំងជំនឿ ទំនៀមទម្លាប់ ប្រពៃណីជនជាតិទាំងនោះ ។
G KnowLecturer